ម៉ាក់ ប៉ា ពូ មីង លោកតា លោកយាយ និងក្រុមគ្រួសារទាំងមូល

Letters for Black Lives
Letters for Black Lives
2 min readJun 8, 2020

--

នេះជាលិខិតបើកចំហរបកប្រែជាភាសាខ្មែរ ដែលបានចងក្រងដោយគម្រោង “លិខិតសម្រាប់ជនជាតិស្បែកខ្មៅ” ដែលជាគម្រោងសម្រាប់បង្កើត និងបកប្រែនូវធនធានទាក់ទងទៅនឹង ការប្រឆាំងភាពរើសអើងជនជាតិស្បែកខ្មៅ និងដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសហគមន៍របស់ពួកគេជាមួយនិងចលនា #BlackLivesMatter។ លិខិតនេះត្រូវបានរួមសហការពីអ្នកស្ម័គ្រចិត្តរាប់រយនាក់ក្នុងសរសេរ និងបកប្រែក្នុងគោលបំណងជំរុញការពិភាក្សាប្រកបស្មោះត្រង់ និងមានការគោរព ជាមួយឪពុកម្តាយរបស់ខ្លួន ដែលបញ្ហាេនះមានសារៈសំខាន់ចំពោះសមីខ្លួនផ្ទាល់។

For the English Khmer version of the letter, see here.

ខ្ញុំមានពាក្យខ្លះចង់និយាយ៖

ម៉ាក់ ប៉ា ពូ មីង លោកតា លោកយាយ និងក្រុមគ្រួសាររបស់យើងប្រហែលជាមិនសូវមាន មិត្តភកិ្ត មិត្តរួមការងារ ឫ អ្នកស្គាល់គ្នាដែលជាជនជាតិស្បែកខ្មៅនោះទេ ប៉ុន្តៃខ្ញុំមាន។ ពួកគេគឺជាមនុស្សមួយក្រុម ដែលមានសារៈសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ៖ ពួកគេគឺជាមិត្តភកិ្ត ជាអ្នកជិតខាង និងជាក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំព្រួយបារម្ភចំពោះពួកគាត់ខ្លាំងណាស់។

នៅថ្ងៃទី ២៥ ខែ ឧសភា នេះ ប៉ូលិសស្បែកសម្នាក់នៅក្នុងរដ្ឋមីនីសូតា (Minnesota) បានសម្លាប់បុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ដោយយកជង្គង់សង្កត់ករបស់គាត់អស់រយៈពេលជិត ៩ នាទី ហើយមិនខ្វល់ពីការស្រែកអង្វររបស់បុរសស្បែកខ្មៅនោះ ថាគាត់ដកដង្ហើមមិនរួចឡើយ។ ប៉ូលិសពីរនាក់ទៀតនៅទីតាំងកើតហេតុ បានជួយសង្កត់ Floyd ចុះ ហើយក្នុងពេលនោះប៉ូលិសទី៤ ដែលជាជនសាសន៍អាសុី បានត្រឹមតែឈរបាំងហើយ មិនព្រមជួយសោះឡើយ។ Floyd មិនមែនជាជនរងគ្រោះតែម្មាក់នោះទេ។ ក្នុងឆ្មាំ ២០២០ នេះ ប៉ូលិសផ្សេងទៀត បានសម្លាប់ជនស្បែកខ្មៅដទៃទៀត ក្នុងចំណោមនោះគឺ Dreasjon Reed នៅរដ្ឋឥណ្ឌាអាណា (Indianna) ព្រមទាំង Tony McDade នៅរដ្ឋហ្លូរីដា (Florida) កាលពីខែឧសភានេះ និង Breonna Taylor នៅរដ្ឋឃិនថាគី (Kentucky) កាលពីខែមិនានេះ។ អតីតអ្នកស៊ើបអង្កេតម្នាក់បានសម្លាប់ជនស្បែកខ្មៅម្នាក់ទៀត ឈ្មោះ Ahmaud Arbery នៅរដ្ឋចូចា(Georgia) កាលពីខែកុម្ភៈនេះ។

លើសពីនេះទៅទៀត ក្រុមប៉ូលិសទាំងនោះមិនទាន់បានទទួលការផ្ដន់ទានទោស ពីការប្រព្រឹត្តអំពើរឃាតកម្មទៅលើជនជាតិស្បែកខ្មៅទេ ទោះ​បី​ជាមានពេលមាន ការផ្សព្វផ្សាយតាមបណ្តាញពត៌មានយ៉ាងណាក៏ដោយ។ ចូរពិចារណា មើលថាតើមានហេតុការដូចនេះចំនួនប៉ុន្មានថែមទៀតដែរ បើគ្មាននរណាថតវីដេអូ​ ឬអ្នកធ្វើជាសាក្សីសោះ។

នេះគឺជាធាតុពិតគួរឲ្យរន្ធត់សម្រាប់ជនជាតិស្បែកខ្មៅទាំងឡាយ ដែលខ្ញុំព្រួយបារម្ភ ត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ។

ម៉ាក់ ប៉ា ពូ មីង លោកតា លោកយាយ និងក្រុមគ្រួសារទាំងមូលប្រហែលជាកំពុងគិតថា ពួក​យើងក៏ជាជនជាតិភាគតិចដែរ។ ពួកយើងបានខិតខំនាំគ្នាមកនៅសហរដ្ឋអាមេរិក ទាំងដៃទទេ និងតស៊ូកសាងជីវិតឲ្យបានសុខ ទោះបីជាមានការរើសអើងមកលើពួកយើងក៏ដោយ តើហេតុអ្វី ជនជាតិស្បែកខ្មៅមិនតបទល់ដូចពួកយេីងដែរ? ជាការពិតណាស់ ដែលជនជាតិខ្មែរសញ្ជាតិអាមេរិកាំងភាគច្រើន បានមកដល់ទឹកដីអាមេរិកជាជនភៀសខ្លួនជាមួយនិងលុយកាក់តិចតួចប៉ុណ្ណោះ។ ក្នុងនាមជាជនជាតិខ្មែរ យើងតែងតែដឹងច្បាស់ថា យើងអាចពឹងពាក់គ្នាទៅវិញទៅមកបាន ពីព្រោះពួកយើងសុទ្ធតែមកដល់សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីកសាងជីវិតឲ្យបានកាន់តែប្រសើរ។ ផ្ទះសំបែងរបស់យើងពឹងផ្អែកទៅលើសហគមន៍ដ៏រឹងមាំ។ ប៉ុន្តែពួកយើងក៏មិនអាចមានទីលំនៅក្នុងប្រទេសនេះឡើយ ប្រសិនបើ មិនមានជនជាតិស្បែកខ្មៅ ធ្វើការទាមទារសិទ្ធិឲ្យពួកយើងនោះ។ ដូចនេះ ជនជាតិស្បែកខ្មៅក៏ជាផ្នែកនៃសហគមន៍របស់យើងផងដែរ។ នាថ្ងៃនេះ ពួកយើងត្រូវតែរួមសហការគ្នា ដើម្បីឲ្យជនជាតិស្បែកខ្មៅមានអារម្មណ៌ថាពួកគេមានសុវត្ថិភាព និងមានការស្វាគមន៍នៅក្នុងសហគមន៍របស់ពួកយើង។

ខ្ញុំសូមឲ្យម៉ាក់ ប៉ា ពូ មីង លោកតា លោកយាយ និងក្រុមគ្រួសារយល់ពីទស្សនៈរបស់ខ្ញុំ។ ខ្ញុំជម្រាបនូវរឿងរ៉ាវទាំងនេះដោយក្តីស្រឡាញ់ ពីព្រោះខ្ញុំចង់ឲ្យសកលលោកទាំងមូល រួមទាំងខ្ញុំផងដែរ ធ្វើឲ្យបានល្អជាងនេះនាថ្ងៃខាងមុខ។

សម្រាប់ជាតិសាសន៍យើងភាគច្រើន ពេលដែលយើងធ្វើដំណើរតាមផ្លូវសាធារណៈ មនុស្សដទៃប្រាកដជាមិនមើលមកពួកយើងជាមនុស្សគួរឲ្យខ្លាច ឬជាជនឧក្រិដ្ឋនោះទេ។ គ្មានគ្រាណាមួយដែលពួកយើងមានអារម្មណ៌ថា ពេលដែលពួកយើងឈានជើងចេញពីផ្ទះ យើងនឹងអាចគ្មានឱកាសត្រលប់មកជួបជុំក្រុមគ្រួសារវិញឡើយ។ យើងគ្មានភាពភ័យខ្លាចថាយើងអាចនឹងបាត់បង់ជីវិតទេ ប្រសិនបើប៉ូលិសឃាត់យើងនៅតាមផ្លូវ។

ប៉ុន្តែសម្រាប់ករណីនៃមិត្តភក្តិរបស់ខ្ញុំដែលជាជនស្បែកខ្មៅវិញ គឺមិនដូចពួកយើងនោះទេ។

ក្នុងប្រវត្តិសាស្រ្តនៃសហរដ្ឋអាមេរិក ជនជាតិស្បែកខ្មៅភាគច្រើនត្រូវបានគេលក់ដូរជាទាសករ និងត្រូវបានគេបញ្ជូនមកទីនេះដោយការបង្ខំ។ សម្រាប់ជនជាតិខ្មែរយើងវិញ ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ប៉ុណ្ណោះក្រោមរបបប៉ុលពត បានធ្វើឲ្យសង្គមខ្មែរទាំងមូលប្រែប្រួល និងបែកបាក់យ៉ាងសម្បើម។ យើងចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ដើម្បីកសាង និងប៉ះប៉ូវនូវអ្វីដែលសង្គមរបស់យើងបានបាត់បង់។ អស់រយៈពេលរាប់ទស្សវត្តមកហើយ ដែលសហគមន៍ គ្រួសារ និងបុគ្គលស្បែកខ្មៅជាច្រើន ត្រូវបានគេរំលោភបំពានប្រៀបដូចជាវត្ថុ ឬទំនិញសម្រាប់យកជាប្រាក់ចំណេញ។ ទោះជាក្រោយរួចពីរបបទាសករក៏ដោយ រដ្ឋាភិបាលអាមេរិក មិនបានអនុញ្ញាត ឲ្យពួកគាត់កសាងជីវិត យ៉ាងសុខស្រួលនោះទេ ដោយព្រមទាំងបដិសេធនឹងសិទ្ធិនៃការបោះធ្នោត សិទ្ធិទទួលការអប់រំ ព្រមទាំងសិទ្ធិកាន់កាប់ផ្ទះសំបែងនិងមុខជំនួញផងដែរ។ វិសមភាពទាំងនេះ ត្រូវបានអនុវត្តទៅលើពួកគាត់ ដោយមន្ត្រីប៉ូលិស និងពន្ធនាគារ ដែលអាចមានដានត្រលប់ទៅ ការល្បាតទាសករ និងការធ្វើចំការ ដែលគ្រប់គ្រងដោយក្រុមជនជាតិស្បែកស។ ក្រុមជនស្បែកខ្មៅ តែងតែស្ថិតនៅក្រោមការគំរាមកំហែងជាហឹង្សា រហូតដល់នាបច្ចុប្បន្ននេះ។ ការដែលក្រុមស្បែកសជិះជាន់ និងរំលោភសិទ្ធិរបស់ក្រុមស្បែកខ្មៅ មិនទាន់បានបញ្ចប់នៅឡើយទេ គ្រាន់តែការរំលោភសិទ្ធិនាបច្ចុប្បន្ននេះត្រូវបានផ្លាស់ប្តូរទ្រង់ទ្រាយខ្លះ។

ក្រុមជនជាតិស្បែកខ្មៅ មិនត្រឹមតែបានទ្រាំទ្រនឹងការជិះជាន់ ព្រមទាំងបានតស៊ូ ប្រឈមមុខចំពោះរាល់ឧបសគ្គកន្លងមក។ ពួកគាត់ត្រូវបានវាយដំដាក់ពន្ធនាគារ និងសម្លាប់ដោយប៉ូលិស ខណៈពេលពួកគាត់ប្រយុទ្ធ ដើម្បីទាមទារសិទ្ធិដែលយើងទទួលបានរហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជាយើងកំពុងតែរស់នៅក្នុងប្រព័ន្ធមានភាពអយុតិ្តធម៌ដែលធ្វើឲ្យយើងរើសអើងគ្នាទៅវិញទៅមក ក្រុមសកម្មជនស្បែកខ្មៅ បានជួយបញ្ឈប់ ការបែងចែកពូជសាសន៍សម្រាប់ពួកយើងដែលជាជំនាន់ក្រោយ៖ ពួកគាត់បានបញ្ចប់នូវភាពអយុតិ្តធម៌របស់ច្បាប់អន្តោប្រវេសន៍នៃឆ្នាំ ១៩២៤ ដោយអនុម័តច្បាប់អន្តោប្រវេសន៍នៃឆ្នាំ ១៩៦៥ ដែលជាច្បាប់ អនុញ្ញាតជនភៀសខ្លួនដូចជាជនជាតិខ្មែរយើងជាដើម នាំក្រុមគ្រួសារមកសហរដ្ឋអាមេរិក។

ទោះបីជាមានការរីកចម្រើនខ្លះ តែប្រព័ន្ធដ៏អយុតិ្តធម៌នេះនៅតែបន្តទៅមុខ។ ឆ្លងកាត់រយៈពេលរាប់រយឆ្នាំកន្លងមក មន្ត្រីប៉ូលិសនៅតែធ្វើការសម្លាប់ជនជាតិស្បែកខ្មៅ ហើយបានរួចខ្លួន និងមិនមានជាប់ទោសអ្វីឡើយ។

ខ្ញុំយល់ថាម៉ាក់ ប៉ា ពូ មីង លោកតា លោកយាយ និងក្រុមគ្រួសារទាំងមូល ព្រួយបារម្ភ និងភ័យខ្លាច នៅពេលដែលឃើញការលួចហើយបំផ្លាញអគារ រថយន្ត និង ហាងទំនិញជាដើម។ ប៉ុន្តែខ្ញុំសូមឲ្យលោកទាំងអស់ចូររួមពិចារណា ថាតើវានឹងមានការឈឺចាប់ប៉ុណ្ណា ប្រសិនបើប្រជាជនទូទៅ ខ្វល់ខ្វាយអំពីការបាត់បង់ទ្រព្យសម្បតិ្ត ជាងការបាត់បង់ជីវិតរបស់មនុស្សជាទីស្រឡាញ់របស់លោកអ្នក។ តើមានអ្វីដែលយើងមិនព្រមលះបង់នោះ ប្រសិនបើយើងអាចមានឧកាស ជួបជុំក្រុមគ្រួសារ ដែលបានបាត់បង់ជីវិតនៅរបបខ្មែរក្រហមជាថ្មីវិញ។ តើការឈឺចាប់នេះមានដល់កំរិតណា ទើបបង្កឲ្យមនុស្សរួមគ្នា ធ្វើបាតុកម្ម ក្នុងរយៈពេលដែលមានជម្ងឺរាតត្បាតពេញ​សកលលោកដូចនេះ។ ចូរពិចារណា ថាតើវាមានភាពហត់នឿយយ៉ាងណា ដែលកូនចៅជំនាន់ក្រោយ ត្រូវប្រឈមនឹងអំពើហឹង្សារដូចដែល បុព្វបុរសរបស់យើងបានឆ្លងកាត់រួចហើយនោះ។

នេះគឺជាមូលហេតុដែលខ្ញុំធ្វើការគាំទ្រនូវចលនា៖ ជីវិតរបស់ជនជាតិស្បែកខ្មៅមានសារៈសំខាន់ខ្លាំងណាស់។

ផ្នែកនៃការគាំទ្រចលនានេះមានន័យថា ខ្ញុំត្រូវតែនិយាយឡើង នៅពេលដែលខ្ញុំបានឃើញ ក្រុមគ្រួសារ ឬអ្នកនៅក្នុងសហគមន៍របស់ខ្ញុំ ប្រព្រឹត្តិអំពើណាមួយ ដែលធ្វើឲ្យមនុស្សជាតិរបស់ជនជាតិស្បែកខ្មៅអន់ថយ។ ខ្ញុំយល់ ថានេះជាប្រធានបទ ដែលលោកអ្នកអាចមានភាពលំបាកក្នុងការពិភាក្សា ប៉ុន្តែបើយើងជ្រើសយកការស្ងៀមស្ងាត់ជំនួសវិញ នោះក្រុមដែលជិះជាន់សិទ្ធិជនជាតិស្បែកខ្មៅ នៅបន្តសកម្មភាពរបស់ពួកគេ ជីវិតរបស់ជនជាតិស្បែកខ្មៅនឹងបន្តបាត់បង់ដូចគ្នាផងដែរ។

ខ្ញុំនឹងដឹងគុណជានិច្ច ព្រោះលោកទាំងអស់បានទ្រាំ និងតស៊ូរស់នៅក្នុងប្រទេសមួយ ដែលគ្រាខ្លះបានចោទ និងបន្ទោសថា ពួកយើងជាអ្នកនាំភាពក្រីក្រ ជម្ងឺរាតត្បាត អំពើភេរវកម្ម និងឧក្រិដ្ឋកម្មជាដើមមកប្រទេស​នេះ។ ខ្ញុំយល់ថា លោកទាំងអស់ សុខចិត្តរងទុក្ខនៃការរើសអើង នៅលើទឹកដីអាមេរិកនេះ ដើម្បីឲ្យខ្ញុំមានជីវិតសុខសាន្ត។

ប៉ុន្តែឧបសគ្គទាំងនេះក៏បញ្ជាក់ច្បាស់ថា យើងទាំងអស់នឹងរួមគ្នា ហើយយើងមិនអាចមានសុវតិ្ថភាពនោះទេ លុះត្រាតែមិត្តភកិ្ត មនុស្សជាទីស្រឡាញ់ និងអ្នកជិតខាងរបស់យើងមានសុវត្ថិភាពសិនផងដែរ។ ពិភពលោកដែលយើងចង់រស់នៅឲ្យបានសុខសាន្ត គួរតែជាទីកន្លែងមួយដែលពួកយើងទាំងអស់គ្នារស់ដោយគ្មានភាពភ័យខ្លាច។ នេះគឺជាអានាគតដែលខ្ញុំចង់បាន ហើយខ្ញុំសង្ឈឹមថាលោកទាំងអស់ក៏គិតដូចខ្ញុំផងដែរ។

ដោយក្ដីស្រឡាញ់ និងពោពេញដោយក្តីសង្ឈឹម

ពីកូនចៅដែលជាទីស្រឡាញ់របស់ម៉ាក់ ប៉ា ពូ មីង លោកតា លោកយាយ និងក្រុមគ្រួសារទាំងមូល

Translated by:

Sorakphykun Bunthon
Panharith Chhum
Chav An Chin
Sabrina Im
Leakena Khy
Ngor Luong

--

--